ប្រហែលជាប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានគិតច្រើនអំពីរឿងមួយទាក់ទងនឹងភាពមិនប្រាកដប្រជាមួយនេះ ខ្ញុំចាប់ផ្តើមដឹងថាមានរឿងជាច្រើនក្នុងជីវិតខ្ញុំខ្លួនឯង ក៏ខ្ញុំមិនអាចគ្រប់គ្រងបានល្អទាំងស្រុងដែរ។
ទោះបីជាខ្លួនខ្ញុំជាគ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្តក៏ដោយ ក៏មិនមែនមានន័យថាខ្ញុំអាចដឹងចម្លើយគ្រប់យ៉ាង ឬ មិនដែលមានការសង្ស័យចំពោះជីវិតផ្ទាល់ខ្លួនដែរ។ ពេលខ្លះខ្ញុំក៏គិតពីអនាគតដែលហាក់មានភាពស្រពិចស្រពិល ខ្ញុំក៏មានសំណួរច្រើនដែរទាក់ទងនឹងការងារ ទំនាក់ទំនង គោលដៅជីវិត និងផ្លូវដែលខ្ញុំកំពុងដើរមួយនេះផងដែរ។
អ្វីដែលខ្ញុំសង្កេតឃើញ គឺមានមនុស្សជាច្រើនរួមទាំងខ្ញុំផង សុទ្ធតែចង់បានភាពច្បាស់លាស់ពិតប្រាកដមួយ មុននឹងដើរទៅមុខ។ យើងចង់ដឹងថា ការសម្រេចចិត្តបែបហ្នឹងត្រឹមត្រូវប៉ុណ្ណា។
យើងមិនដឹងថាការងារដែលយើងកំពុងធ្វើ នឹងទៅជាយ៉ាងណាក្នុងប៉ុន្មានឆ្នាំខាងមុខទៀតទេ។ ក៏មិនដឹងដែរថាផែនការជាច្រើនដែលយើងបានព្រាងទុកនឹងក្លាយជាការពិត ឬ យ៉ាងណាវិញ។ យើងចង់ដឹងថាផ្លូវដែលយើងជ្រើសរើសថ្ងៃនេះនឹងនាំយើងទៅកន្លែងដែលយើងចង់ទៅមែនឬមិនមែន?
ខ្ញុំធ្លាប់គិតថា បើខ្ញុំគិតឲ្យបានល្អិតល្អន់បានច្បាស់គ្រប់គ្រាន់ រៀបចំផែនការឲ្យបានល្អ ប្រហែលជាខ្ញុំនឹងមានអារម្មណ៍ស្ងប់ចិត្ត។ ប៉ុន្តែយូរទៅ ខ្ញុំកាន់តែយល់ថា សន្តិភាពផ្លូវចិត្តមិនមែនកើតចេញពីការដឹងចម្លើយគ្រប់យ៉ាងពីអនាគតទាំងអស់នោះទេ។ វាកើតចេញពីការទទួលស្គាល់ថា យើងមិនអាចដឹងគ្រប់យ៉ាងបាន។
ក្នុងចិត្តវិទ្យា មានគំនិតមួយដែលគេហៅថា Intolerance of Uncertainty ឬ “ការមិនអាចទ្រាំទ្រនឹងភាពមិនប្រាកដប្រជាបាន”។ មនុស្សដែលពិបាកទទួលយកភាពមិនប្រាកដប្រជា ច្រើនតែគិតច្រើនជ្រុល ព្រួយបារម្ភមុនពេលមានបញ្ហាកើតឡើងពិតប្រាកដ ឬពន្យារពេលក្នុងការសម្រេចចិត្ត ព្រោះចង់បានចម្លើយដែលប្រាកដ ១០០%។ ប៉ុន្តែការរស់នៅរបស់យើងមិនបានដំណើរការបែបហ្នឹងទេ ពេលដែលយើងឈប់ប្រយុទ្ធជាមួយវា យើងចាប់ផ្ដើមមានសេរីភាពផ្លូវចិត្តច្រើនជាងមុន យើងចាប់ផ្ដើមរស់នៅក្នុងបច្ចុប្បន្នបានច្រើនជាងមុន យើងកាត់បន្ថយការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងមិនដាក់សម្ពាធលើខ្លួនឯងឱ្យត្រូវតែធ្វើអ្វីៗឱ្យល្អឥតខ្ចោះគ្រប់ពេល។
ខ្ញុំគិតថាមួយក្នុងចំណោមការពិបាកបំផុតរបស់យើងសម័យនេះគឺការចង់គ្រប់គ្រងអ្វីដែលមិនអាចគ្រប់គ្រងបាន។ យើងរស់នៅក្នុងសម័យដែលមានពត៍មានច្រើន ហើយងាយទទួលបានជាងមុនៗទៀត យើងអាចស្វែងរកចម្លើយស្ទើរតែគ្រប់យ៉ាងក្នុងទូរស័ព្ទមួយ ប៉ុន្តែទោះជាយ៉ាងហ្នឹង សំណួរសំខាន់ៗបំផុតក្នុងជីវិតយើង មិនមាន Google ឬ AI ណាអាចឆ្លើយជំនួសយើងបានទេ។
ក្នុងវប្បធម៌ជនជាតិជប៉ុន មានគំនិតមួយដែលជាសិល្បៈនៃការទទួលយកចន្លោះ និង ភាពមិនពេញលេញ វារំឭកយើងថា មិនមែនគ្រប់ផ្នែកនៃជីវិតត្រូវតែមានចម្លើយភ្លាមៗទេ។ ពេលខ្លះ ចន្លោះនៃការមិនដឹង ក៏ជាផ្នែកមួយនៃដំណើររស់នៅដែរ។”
មានឃ្លាមួយដែលខ្ញុំចូលចិត្ត
We cannot control the wind, but we can adjust the sails.
យើងមិនអាចគ្រប់គ្រងខ្យល់បានទេ ប៉ុន្តែយើងអាចកែទិសដៅសំពៅរបស់យើងបាន។
ប្រហែលជាជីវិតក៏ដូចគ្នាដែរ។ យើងមិនអាចគ្រប់គ្រងអ្វីៗទាំងអស់ដែលនឹងកើតឡើងបានទេ ប៉ុន្តែយើងអាចជ្រើសរើសរបៀបក្នុងការឆ្លើយតបវាបាន យើងអាចបន្តរៀនសូត្រ បន្តសម្របខ្លួន បន្តដំណើរទៅមុខ ទោះបីជាផ្លូវខាងមុខមិនទាន់ច្បាស់ក៏ដោយ។
ប្រហែលជាភាពក្លាហានពិតប្រាកដ មិនមែនជាការមិនភ័យខ្លាចទេ ប៉ុន្តែជាការបន្តដំណើរទៅមុខ ទោះបីនៅមានសំណួរជាច្រើនដែលមិនទាន់មានចម្លើយក៏ដោយ។ ក៏ប្រហែល អត្ថន័យនៃការរស់នៅពិតប្រាកដ មិនមែនជាការស្វែងរកភាពប្រាកដប្រជាទាំងស្រុងទេ ប៉ុន្តែជាការរៀនរស់នៅ និង រីកចម្រើននៅកណ្តាលភាពមិនប្រាកដប្រជានេះ។
Leave a comment