ហេតុអ្វីបានជាភាពស្ងៀមស្ងាត់ធ្វើឱ្យយើងមានអារម្មណ៍មិនស្រួល?


យើងបាននិយាយអំពីគំនិតមួយដែលជាចន្លោះ គឺ ចន្លោះដែលមិនមែនជាអ្វីដែលខ្វះខាត ប៉ុន្តែជាអ្វីដែលផ្តល់អត្ថន័យ និងតុល្យភាពឲ្យជីវិតយើង។ ក៏មានរឿងមួយទៀតដែលខ្ញុំឆ្ងល់ដែរ បើយើងតែងនិយាយថាចង់បានសន្តិភាពផ្លូវចិត្ត ចង់ឱ្យជីវិតស្ងប់ជាងនេះបន្តិច ហេតុអ្វីបានជាពេលភាពស្ងៀមស្ងាត់មកដល់ យើងបែរជាមានអារម្មណ៍មិនស្រួល ឬ uncomfortable ជាមួយវាវិញ?


ខ្ញុំសង្កេតឃើញថា នៅពេលយើងមានអារម្មណ៍សោកសៅមិនសប្បាយចិត្ត បរាជ័យរឿងអ្វីមួយ មានអារម្មណ៍ឯកោ ឬ ព្រួយបារម្ភ យើងតែងប្រញាប់រកអ្វីមួយមកបំពេញចន្លោះនោះ ឬ អាចថាមកបំបាត់អារម្មណ៍ទាំងអស់នេះ យើងបើកទូរស័ព្ទ មើលលើបណ្ដាញសង្គម មើល YouTube ស្តាប់ Podcast ឬ ធ្វើឱ្យខ្លួនឯងរវល់។ ពេលខ្លះ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា តើយើងពិតជាចង់កម្ចាត់ភាពធុញទ្រាន់បែបហ្នឹងមែន ឬ យើងគ្រាន់តែកំពុងព្យាយាមគេចចេញពីអារម្មណ៍អ្វីមួយ?


ខ្ញុំធ្លាប់ជួបអតិថិជនម្នាក់ដែលនិយាយថា គាត់មិនចូលចិត្តនៅម្នាក់ឯងទេ គាត់ច្រើនតែបើក YouTube ទុកចោល ឬ ស្តាប់ Podcast មុនចូលគេង។ ដំបូងគិតថា គាត់គ្រាន់តែជាមនុស្សម្នាក់ដែលមិនចូលចិត្តភាពស្ងៀមស្ងាត់។ ប៉ុន្តែពេលយើងស្វែងយល់ជាមួយគាត់ គាត់ចាប់ផ្តើមដឹងថា អ្វីដែលគាត់ខ្លាច មិនមែនភាពស្ងៀមស្ងាត់ទេគឺគាត់ខ្លាចអ្វីដែលនឹងលេចឡើងនៅក្នុងភាពស្ងៀមស្ងាត់មួយនោះ។


ប្រហែលជានេះក៏ជាបទពិសោធន៍របស់មនុស្សជាច្រើនដែរ ភាពស្ងៀមស្ងាត់មិនមែនជាបញ្ហាទេ។ ប៉ុន្តែភាពស្ងៀមស្ងាត់ប្រៀបដូចជាកញ្ចក់មួយ នៅពេលគ្មានសំឡេងរំខានពីខាងក្រៅ យើងចាប់ផ្តើមឃើញអ្វីដែលនៅខាងក្នុងចិត្តយើងវិញ។ យើងចាប់ផ្តើមឮសំឡេងនៃការព្រួយបារម្ភ ការសោកស្តាយ ភាពឯកោ ឬ សំណួរមួយចំនួនដែលយើងបានរត់គេចពីវាយូរមកហើយ។ ពេលខ្លះ អ្វីដែលធ្វើឱ្យយើងមានអារម្មណ៍មិនស្រួល មិនមែនភាពស្ងៀមស្ងាត់ហ្នឹងទេ ប៉ុន្តែជាការជួបជាមួយខ្លួនឯងដោយគ្មានអ្វីមករំខាន។


ពេលខ្លះ អ្វីដែលអារម្មណ៍ទាំងនោះត្រូវការមិនមែនជាការគេចវេសទេ វាគ្រាន់តែត្រូវការកន្លែងស្ងប់មួយ ដើម្បីឱ្យយើងបានស្តាប់ ហើយស្វែងយល់ពីវា ព្រោះអារម្មណ៍ជាច្រើនមិនបានបាត់ទៅណាទេ វាគ្រាន់តែរង់ចាំឱ្យយើងទទួលស្គាល់វា។ ហើយនៅពេលដែលយើងផ្តល់ចន្លោះឱ្យវាបានគ្រប់គ្រាន់ យើងអាចចាប់ផ្តើមយល់ថា អារម្មណ៍ទាំងអស់ហ្នឹងកំពុងព្យាយាមបង្រៀនយើងពីអ្វីមួយ ពីបទពិសោធន៍ដែលយើងបានឆ្លងកាត់។


ប្រហែលជាសុខភាពផ្លូវចិត្តល្អ មិនមែនជាការគ្មានភាពតានតឹង គ្មានការព្រួយបារម្ភ ឬ គ្មានបញ្ហាសោះនោះទេ ជីវិតមនុស្សគ្រប់រូបតែងតែមានការលំបាក ជារឿងធម្មតាមួយ។ ប៉ុន្តែប្រហែលជាសុខភាពផ្លូវចិត្តល្អ គឺជាសមត្ថភាពក្នុងការបង្កើតចន្លោះគ្រប់គ្រាន់ ដើម្បីទទួលស្គាល់ យល់ និង ដំណើរការអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួនយើង។


ឧទាហរណ៍ នៅពេលមាននរណាម្នាក់ផ្ញើសារមកយើង ហើយធ្វើឱ្យយើងខឹង ឬ អន់ចិត្ត ប្រតិកម្មដំបូងប្រហែលជាយើងចង់ឆ្លើយតបភ្លាមៗ ប៉ុន្តែមានទស្សនវិជ្ជា និងចិត្តវិទ្យាភាគច្រើន ដែលរំលឹកយើងឱ្យផ្អាកមួយភ្លែត ឱ្យយើងរក្សាចន្លោះតូចមួយរវាងអារម្មណ៍ និងសកម្មភាព។ ចន្លោះតូចមួយដែលអនុញ្ញាតឱ្យអារម្មណ៍បានស្ងប់បន្តិច ហើយអនុញ្ញាតឱ្យការគិតដោយស្មារតីច្បាស់លាស់ ចូលមកជំនួសប្រតិកម្មភ្លាមៗនោះ។


ប្រហែលជាចន្លោះនេះ មិនមែនគ្រាន់តែជាកន្លែងសម្រាប់សម្រាកទេ វាជាកន្លែងសម្រាប់ស្តាប់ វាជាកន្លែងសម្រាប់ពិនិត្យមើលជីវិតយើង អាចឲ្យយើងសួរខ្លួនឯងថា តើយើងកំពុងរស់នៅតាមអ្វីដែលជាគុណតម្លៃសំខាន់សម្រាប់ខ្លួនយើង ឬ កំពុងរស់នៅតាមការរំពឹងទុករបស់អ្នកដទៃ? តើភាពមមាញឹករបស់យើងកំពុងនាំយើងទៅកាន់កន្លែងដែលយើងចង់ទៅ ឬ គ្រាន់តែធ្វើឱ្យយើងមានអារម្មណ៍ថាយើងកំពុងទៅកន្លែងណាមួយផ្សេងទៀត?


ប្រហែលជាយើងមិនចាំបាច់បំពេញគ្រប់ចន្លោះនៅក្នុងជីវិតយើង ដោយសំឡេង ការកម្សាន្ត ឬ ការរវល់ទេ។ ប្រហែលជាចន្លោះខ្លះ ត្រូវបានបង្កើតឡើងដើម្បីឱ្យយើងអាចឈប់ ដើម្បីស្តាប់ខ្លួនឯង។ ដូច្នេះខ្ញុំចង់ទុកសំណួរមួយសម្រាប់យើងទាំងអស់គ្នាគិតបន្តទៀត តើមានអារម្មណ៍ ឬ រឿងអ្វីមួយដែលយើងកំពុងព្យាយាមគេចវេស តាមរយៈការធ្វើឱ្យខ្លួនឯងរវល់ដែរឬទេ? បើយើងអនុញ្ញាតឱ្យខ្លួនឯងអង្គុយជាមួយវាបន្តិច តើវាអាចកំពុងព្យាយាមបង្រៀនអ្វីខ្លះដល់យើង?

Leave a comment