ខ្ញុំចង់និយាយពីសំណួរមួយដែលខ្ញុំជួបញឹកញាប់ទាំងក្នុងជីវិតផ្ទាល់ខ្លួន និង ក្នុងការងារជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ហេតុអ្វីបានជាមនុស្សសម័យថ្មី មានអារម្មណ៍ថាហត់ខ្លាំងម្ល៉េះទោះបីជាពេលខ្លះយើងមិនបានធ្វើកិច្ចការងារធ្ងន់ពេកក៏ដោយ? អ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍អញ្ចឹងដែរឬទេ?
មើលពីខាងក្រៅ ជីវិតយើងហាក់ដូចជាមានភាពងាយស្រួលជាងមុន យើងមានបច្ចេកវិទ្យា មាន internet មានឧបករណ៍ជាច្រើនដែលជួយសន្សំពេលវេលា មានភាពរហ័ស និង ការតភ្ជាប់គ្នាគ្រប់ពេលវេលា ប៉ុន្តែអ្វីដែលចម្លែកគឺ ខាងក្នុងចិត្តវិញ មនុស្សភាគច្រើនបែរជាមានអារម្មណ៍ថា ហត់នឿយ និង ពេញហៀរ។ សម្រាប់ការងារខ្ញុំ ខ្ញុំជួបអតិថិជនទាំងក្មេងវ័យជំទង់ និង មនុស្សពេញវ័យជាច្រើនដែលគាត់និយាយថា “គាត់មិនដឹងថាហេតុអ្វីបានជាគាត់មានអារម្មណ៍ហត់នឿយបែបនេះទេ។”
ពេលកំពុងស្តាប់ពួកគាត់និយាយបែបនោះ ខ្ញុំចាប់ផ្តើមយល់ថា បញ្ហាអាចមិនមែន មកពីជីវិតដែលពិបាកពេកទេ បញ្ហាគឺដោយសារចិត្តរបស់ពួកគាត់ មិនដែលមានពេលសម្រាប់សម្រាកបានគ្រប់គ្រាន់។ ពេលភ្ញាក់ពីគេង យើងមើល notifications ក្នុងទូរស័ព្ទ យើងប្រហែលជាបានឃើញព័ត៌មានថ្មីៗ ការរំពឹងទុកពីអ្នកដទៃ ឬ ការប្រៀបធៀបខ្លួនឯងជាមួយជីវិតរបស់នរណាម្នាក់។ ពេញមួយថ្ងៃ យើងទទួលបានព័ត៌មាន សម្លេងសារ ទទួលបានការងារ និង សម្ពាធជាបន្តបន្ទាប់ មិនចេះចប់មិនចេះហើយ ពេលត្រឡប់មកដល់ផ្ទះ យើងបន្តមើលវីដេអូ reels ក្នុងបណ្ដាញសង្គម ឬ ស្វែងរកអ្វីមួយដើម្បីមកបំពេញភាពស្ងៀមស្ងាត់នោះ វាតែងតែមានអ្វីមួយទាមទារការចាប់អារម្មណ៍ពីយើងពេញមួយថ្ងៃ។ សូម្បីតែពេលដែលរាងកាយអង្គុយសម្រាក ក៏ចិត្តនៅតែធ្វើការឥតឈប់ឈរដែរ។
មានការរំញោចជាប់គ្នាពេញមួយថ្ងៃ ហើយអ្វីដែលបាត់បង់ទៅ គឺ “ចន្លោះ space មួយ”។
វាហាក់បីដូចជាគ្មានចន្លោះ space រវាងការងារ និង ការសម្រាក គ្មានចន្លោះ space រវាងគំនិតមួយ និងគំនិតមួយទៀត គ្មានចន្លោះ space រវាងអារម្មណ៍មួយ និង អារម្មណ៍មួយទៀត សម្រាប់ឲ្យចិត្តអាចផ្សាភ្ជាប់នូវបទពិសោធន៍ដែលខ្លួនយើងកំពុងឆ្លងកាត់ដើម្បីអនុញ្ញាតឲ្យចិត្តយើងអាចមានពេលដកដង្ហើមបាន។

ខ្ញុំចង់ទុកសំណួរមួយសម្រាប់អ្នកទាំងអស់គ្នាគិតថ្ងៃនេះថា តើពេលណាលើកមុនដែលយើងអង្គុយស្ងៀមស្ងាត់ជាមួយខ្លួនឯង ដោយមិនមានទូរស័ព្ទ គ្មានសម្លេងអ្វីមួយមករំខាន? តើយើងពិតជាកំពុងខ្វះពេលវេលាបន្ថែម ឬ យើងកំពុងខ្វះចន្លោះពេលមួយដែលជា space ឲ្យខ្លួនយើងនៅជាមួយភាពស្ងប់ស្ងាត់នោះ?
Leave a comment