ហេតុអ្វីយើងមានអារម្មណ៍ថាបាត់បង់ទិសដៅ ទោះបីជាជីវិតមើលទៅដំណើរការល្អធម្មតា?


ថ្ងៃនេះ ខ្ញុំចង់និយាយអំពីអារម្មណ៍មួយដែលយុវជនយើងជាច្រើនធ្លាប់ជួបប្រទះ ពួកគាត់មិនមែនមកជួបខ្ញុំ ព្រោះបាត់បង់ការងារ ឬ ជួបបញ្ហាធំដុំក្នុងជីវិតក៏មិនមែនដែរ។  វាគឺជាអារម្មណ៍មួយថា “យើងបាត់បង់ទិសដៅ” ទោះបីជាជីវិតខាងក្រៅមើលទៅដំណើរការល្អធម្មតា មិនមានបញ្ហាអ្វីក៏ដោយ។


មនុស្សជាច្រើន មានការសិក្សាខ្ពស់ មានការងារល្អ មានមិត្តភក្តិច្រើន មានគ្រួសារចាំជួយពីក្រោយថែមទៀត មើលទៅដូចជាកំពុងដើរតាមផ្លូវមួយដែលសង្គមយើងហៅថា “ភាពជោគជ័យមួយ”។ ប៉ុន្តែពេលនៅម្នាក់ឯង ឬ នៅពេលយប់មុនចូលគេង សំណួរមួយតែងតែលេចឡើងក្នុងចិត្តថា “តើនេះជាជីវិតដែលយើងចង់បានមែន ឬក៏មិនមែន?”។


ខ្ញុំគិតថា នេះជាអារម្មណ៍ដែលមនុស្សជាច្រើនក្នុងវ័យ ២០ និង ៣០ ឆ្នាំធ្លាប់ជួប ប៉ុន្តែក៏មិនសូវបាននិយាយចេញមកដែរ ព្រោះយើងគិតថា បើជីវិតមើលទៅល្អ យើងមិនគួរមានអារម្មណ៍បែបហ្នឹងទេ។ ពេលខ្លះស្តីបន្ទោសខ្លួនឯងថា “យើងមានគ្រប់អ្វីៗច្រើនជាងមនុស្សជាច្រើនទៀតផង ហេតុអ្វីយើងនៅតែមានអារម្មណ៍មិនសប្បាយចិត្ត?”


អារម្មណ៍បាត់បង់ទិសដៅមួយនេះ មិនតែងតែកើតឡើងនៅពេលយើងបរាជ័យលើរឿងអ្វីមួយទេ ពេលខ្លះវាកើតឡើងនៅពេលយើងសម្រេចបានសមិទ្ធផលអ្វីមួយវិញ ប៉ុន្តែយើងហាក់ដូចជា រកមិនឃើញអត្ថន័យនៅពីក្រោយវា។ ក្នុងការយល់ដឹងផ្នែកចិត្តវិទ្យា វាមិនមែនជាសញ្ញានៃភាពទន់ខ្សោយអ្វីមួយទេ ត្រលប់មកវិញ វាជាសញ្ញាថាចិត្តយើងកំពុងចាប់ផ្តើមសួរសំណួរធំៗ ទាក់ទងនឹងអត្តសញ្ញាណថា “យើងជាអ្នកណា?” និង គោលបំណង គោលដៅជីវិត “តើយើងកំពុងដើរលើផ្លូវដែលយើងជ្រើសរើសមែន ឬក៏មិនមែន?”


តាំងពីតូច យើងត្រូវបានបង្រៀនឱ្យខិតខំប្រឹងប្រែងរៀនឲ្យពូកែ រកការងារល្អ មានប្រាក់ខែខ្ពស់ ឱ្យមានស្ថេរភាព ទាំងអស់នេះ សុទ្ធតែជារឿងល្អ។ ប៉ុន្តែមានរឿងមួយដែលមិនសូវមានអ្នកបង្រៀន គឺរបៀបស្គាល់ខ្លួនឯង។ យើងចំណាយពេលជាច្រើនឆ្នាំ រៀនពីពិភពលោកខាងក្រៅ ប៉ុន្តែមិនសូវបានចំណាយពេលរៀនពីពិភពលោកខាងក្នុងចិត្តយើងឡើយ។

ប្រហែលជានេះហើយជាមូលហេតុដែលមនុស្សជាច្រើនដើរលឿន ប៉ុន្តែមិនប្រាកដថាកំពុងទៅណា ជាប្រចាំថ្ងៃយើងហាក់ដូចជា ពោរពេញដោយសកម្មភាព តែក្នុងចិត្តបែរជាមានអារម្មណ៍ទទេ។ ក៏មិនមែនមូលហេតុដោយសារយើងអសមត្ថភាពដែរ ប៉ុន្តែយើងមិនទាន់យល់ថាអ្វីដែលមានន័យសម្រាប់ខ្លួនយើងពិតប្រាកដ។

ទស្សនវិជ្ជាជនជាតិជប៉ុនមួយហៅថា Ikigai មនុស្សជាច្រើនយល់ថាវាជាការស្វែងរកការងារក្នុងក្តីស្រមៃ ប៉ុន្តែជ្រៅជាងនោះ Ikigai គឺជាការស្វែងរកហេតុផលដែលធ្វើឱ្យយើងចង់ភ្ញាក់ពីគេងជារៀងរាល់ព្រឹក ហើយចាប់ផ្តើមថ្ងៃថ្មី វាមិនចាំបាច់ជារឿងធំដុំទេ។ សម្រាប់អ្នកខ្លះ វាជាការជួយអ្នកដទៃ ជាការបង្កើតអ្វីមួយដែលមានតម្លៃ ជាការរស់នៅដោយស្មោះត្រង់ជាមួយខ្លួនឯង។ វាចាប់ផ្តើមពីការស្គាល់ខ្លួនឯង ហើយការស្គាល់ខ្លួនឯងនេះ ក៏ជាដំណើរមួយដែលយើងមិនអាចប្រញាប់បានដែរ។

យើងភាគច្រើនកំពុងស្វែងរកចម្លើយពីខាងក្រៅ ខណៈពេលដែលសំណួរពិតប្រាកដស្ថិតនៅខាងក្នុងខ្លួនយើង។
សាកល្បងសួរខ្លួនឯងមើល៎ថា ប្រសិនបើគ្មាននរណាម្នាក់វិនិច្ឆ័យយើង ប្រៀបធៀបយើងជាមួយអ្នកជុំវិញ បើគ្មានការភ័យខ្លាចបរាជ័យណាមួយ តើយើងនឹងជ្រើសរើសរស់នៅបែបណា? ពេលណាដែលយើងមានអារម្មណ៍ថា ជាខ្លួនឯងពិតប្រាកដ? ប្រហែលជាយើងមិនទាន់មានចម្លើយនៅថ្ងៃនេះទេ ខ្ញុំគិតថាក៏មិនជាបញ្ហាដែរ ព្រោះការស្គាល់ខ្លួនឯង មិនមែនជាគោលដៅដែលត្រូវទៅដល់ទេ វាជាដំណើរដែលត្រូវរស់នៅ។

ជីវិតមិនមែនជាការប្រឡងដែលត្រូវឆ្លើយឱ្យត្រឹមត្រូវក្នុងពេលកំណត់ទេ។ ពេលខ្លះ ការស្គាល់សំណួរត្រឹមត្រូវ មានតម្លៃជាងការប្រញាប់រកចម្លើយ។


ទស្សនវិជ្ជា Wabi-Sabi ប្រាប់យើងថា ភាពមិនពេញលេញ គឺជាផ្នែកមួយនៃសម្រស់ ដូចគ្នានេះដែរ ភាពមិនច្បាស់លាស់ក្នុងវ័យក្មេង មិនមែនជាបញ្ហាដែលត្រូវជួសជុលទេ វាជាផ្នែកមួយនៃដំណើរការធំឡើង។ យើងមិនចាំបាច់ដឹងគ្រប់យ៉ាងនៅអាយុ 20 ឆ្នាំ ឬ 30 ឆ្នាំទេ យើងគ្រាន់តែត្រូវបន្តស្វែងយល់អំពីខ្លួនឯងបន្តិចម្តងៗ។ ពេលខ្លះ អ្វីដែលយើងគិតថាជា “ការបាត់បង់ខ្លួនឯង” អាចមិនមែនមកពីការខ្វះទិសដៅទេ ប៉ុន្តែមកពីការរស់នៅក្រោមទិសដៅដែលអ្នកដទៃបានកំណត់ឱ្យយើង។

Leave a comment