ជីវិតយុវវ័យមិនមែនគ្រាន់តែជាពេលវេលាស្វែងរកផ្លូវអនាគត ការជ្រើសរើសអាជីព ឬ កំណត់ទិសដៅប៉ុណ្នឹងទេ វាក៏ជាដំណើរមួយនៃការស្វែងរកថាតើយើងជានរណាគេ និង តើយើងចង់ក្លាយជាមនុស្សដូចម្តេចវិញ។ សម្រាប់យុវជនមួយចំនួន ដំណើរនេះមិនសាមញ្ញទេ ព្រោះនៅលើស្មារបស់យើង មិនត្រឹមតែមានក្តីសុបិនរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការរំពឹងទុកពីគ្រួសារ ក្តីសង្ឃឹមពីឪពុកម្តាយ និងបំណងប្រាថ្នារបស់អ្នកដែលស្រឡាញ់យើងដែរ។ បើបែបនេះ វាក្លាយទៅជាការរកនិងរក្សាតុល្យភាពរវាង “អ្វីដែលជាការរំពឹងទុករបស់គ្រួសារ” និង “អ្វីដែលជាខ្លួនឯង អ្វីដែលខ្លួនយើងស្រលាញ់ចូលចិត្ត”។
នៅក្នុងវប្បធម៌យើង យើងធំឡើងក្នុងបរិយាកាសដែលគ្រួសារមានន័យតម្លៃសំខាន់ណាស់ ឪពុកម្តាយតែងបង្ហាញក្តីស្រលាញ់តាមរយៈការណែនាំផ្លូវជីវិត ដែលគាត់គិតថាល្អសម្រាប់កូនៗ ចង់ឲ្យកូនមានអនាគតល្អ មានការងារ មានស្ថេរភាព និង មិនឆ្លងកាត់ការលំបាកដូចគាត់ធ្លាប់ឆ្លងកាត់។ ប៉ុន្តែពេលខ្លះ អ្វីដែលចាប់ផ្តើមពីក្តីស្រលាញ់ អាចក្លាយជាសម្ពាធមួយដោយឥតដឹងខ្លួន ផ្លូវដែលគាត់រៀបចំឲ្យយើងដើរបែបនោះអាចជាផ្លូវល្អមួយ ប៉ុន្តែបែរក្លាយជាទិសដៅដែលយើងមិនទាន់បានជ្រើសរើស ឬ មិនទាន់បានពិចារណាសម្រេចចិត្តដោយខ្លួនឯង មិនប្រាកដថាជាផ្លូវដែលបេះដូងយើងចង់ដើរនោះទេ។
ស្រមៃថាយើងកំពុងជិះទូកតាមទន្លេមួយ ទូកកំពុងទៅមុខ ហើយយើងក៏មើលឃើញគោលដៅនៅឆ្ងាយនោះដែរ ប៉ុន្តែក្នុងចិត្តគិតថា៖ តើយើងជាអ្នកកាន់ចង្កូតទូកនោះ ឬ យើងគ្រាន់តែជាអ្នកដំណើរម្នាក់ដែលអនុញ្ញាតឱ្យអ្នកផ្សេងជ្រើសរើសទិសដៅជំនួសយើង?
មានយុវជនជាច្រើនរស់នៅក្នុងស្ថានភាពមួយដែលយើងហៅថា “ជីវិតដែលមានទិសដៅ ប៉ុន្តែខ្វះអត្ថន័យផ្ទាល់ខ្លួន”។ យើងរៀនបានល្អពូកែ ធ្វើការងារល្អ បំពេញតួនាទីដែលគ្រប់គ្នារំពឹងទុក យើងធ្វើអ្វីដែលត្រឹមត្រូវ តែខាងក្នុងចិត្តមានអារម្មណ៍ថាខ្លួនកំពុងបាត់បង់អ្វីមួយ មានអារម្មណ៍ថាតើខ្លួនយើងកំពុងដើរផ្លូវមួយដែលមិនមែនជារបស់ខ្លួនឯង យើងមិនចង់ធ្វើឲ្យគ្រួសារខកចិត្ត ប៉ុន្តែក៏មិនអាចបិទសំឡេងខាងក្នុងចិត្តយើងបានដែរ។
មានសំណួរមួយលេចឡើងក្នុងចិត្តយើងថា “តើជីវិតមួយហ្នឹងជារបស់ខ្ញុំ ឬ ជារបស់គ្រួសារខ្ញុំ?”
ពេលខ្លះឆ្លើយមិនរួច យើងស្រឡាញ់គ្រួសារ យើងមិនចង់ធ្វើឲ្យគាត់ខកចិត្ត តែយើងក៏ចង់ស្រឡាញ់ខ្លួនឯងដែរ យើងក៏ចង់រស់នៅដោយស្មោះត្រង់ចំពោះខ្លួនឯងដែរ។ ប៉ុន្តែការរស់នៅដោយមិនស្គាល់ខ្លួនឯង យូរៗទៅ វាធ្វើឲ្យយើងមានអារម្មណ៍ថា
ខ្វះអ្វីមួយដែលមិនអាចពន្យល់បាន។
នៅទីនេះ ទស្សនវិជ្ជាជនជាតិជប៉ុនមួយដែលមានឈ្មោះថា Ikigai អាចជួយយើងបាន។ Ikigai មិនមែនជាការស្វែងរកការងារល្អបំផុត ឬ អាជីពល្អបំផុតនោះទេ ប៉ុន្តែជាការសួរខ្លួនឯងថា តើអ្វីដែលយើងស្រឡាញ់ តើអ្វីដែលយើងអាចធ្វើបានល្អ តើអ្វីដែលសង្គមត្រូវការ និង តើអ្វីដែលអាចផ្គត់ផ្គង់ជីវិតរបស់យើងបាន។ ប៉ុន្តែបញ្ហាជាញឹកញាប់ គឺយើងចំណាយពេលច្រើនក្នុងការស្វែងរកអ្វីដែលគ្រួសារ ឬអាចជាអ្នកដទៃរំពឹងពីយើង ហើយបានចំណាយពេលតិចពេកក្នុងការស្ដាប់សំឡេងខាងក្នុងចិត្តរបស់ខ្លួនឯង។
ប្រហែលជាគោលដៅនៃជីវិត មិនមែនជាការជ្រើសរើសរវាង “គ្រួសារ” និង “ខ្លួនឯង” នោះទេ ប៉ុន្តែជាការរៀនរស់នៅក្នុងរបៀបមួយដែលយើងនៅតែអាចគោរពសេចក្ដីស្រឡាញ់របស់គ្រួសារ ហើយក៏មិនបាត់បង់សំឡេងខាងក្នុងរបស់ខ្លួនឯងដែរ។

ដូច្នេះខ្ញុំចង់ទុកសំណួរមួយសម្រាប់យើងធ្វើការឆ្លុះបញ្ចាំងខ្លួនឯងដែរ តើមានក្តីស្រមៃណាមួយដែលយើងធ្លាប់ស្រឡាញ់ ប៉ុន្តែបានបោះបង់ចោលព្រោះតែ ដើម្បីបំពេញការរំពឹងទុករបស់អ្នកដទៃឬគ្រួសារ ឪពុកម្តាយយើង? ប្រសិនបើយើងគ្មានការភ័យខ្លាច គ្មានការវាយតម្លៃ និងគ្មានសម្ពាធពីនរណាម្នាក់ តើជីវិតដែលយើងចង់រស់នៅពិតប្រាកដមានរូបរាងបែបណាវិញ?
Leave a comment