ហេតុអ្វីយើងតែងប្រៀបធៀបដំណើររបស់ខ្លួនឯងជាមួយអ្នកដទៃ?


យើងបាននិយាយអំពីអំរែកលើស្មានៃការរំពឹងទុកពីគ្រួសារ និងការស្វែងរកខ្លួនឯង។ ប៉ុន្តែពេលយើងចាប់ផ្តើមសួរខ្លួនឯងថា “តើយើងចង់បានអ្វី?” ឬ “តើជីវិតបែបណាដែលយើងចង់បាន?” ជាញឹកញាប់ អ្វីដែលលេចឡើងមុនគេ មិនមែនជាចម្លើយនោះទេ ប៉ុន្តែជាអារម្មណ៍ថាមានកំហុសមួយស្តីបន្ទោសខ្លួនឯងកើតឡើង។


ក្នុងនាមជាវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ខ្ញុំសង្កេតឃើញថា មានគ្នាយើងជាច្រើនមានអារម្មណ៍ថា ប្រសិនបើយើងមិនដើរតាមផ្លូវដែលគ្រួសារ ឬ ឪពុកម្តាយរៀបចំបានរំពឹងទុកទេ នោះហាក់ដូចជាយើងកំពុងបោះបង់ចោលសេចក្ដីសង្ឃឹមរបស់គាត់។ យើងបារម្ភថាខ្លួនឯងប្រហែលជា “មិនមែនជាកូនល្អគ្រប់គ្រាន់”  ឬប្រហែលជាកំពុងធ្វើឱ្យមនុស្សដែលស្រឡាញ់យើងមានអារម្មណ៍ខកចិត្ត។ អារម្មណ៍បែបនេះគឺធ្ងន់ណាស់ ព្រោះវាមិនមែនជាការវិនិច្ឆ័យពីអ្នកដទៃទេ ប៉ុន្តែជាសំឡេងដែលស្តីបន្ទោសចេញពីក្នុងចិត្តរបស់យើងផ្ទាល់។


នៅពេលដែលយើងចាប់ផ្តើមមានភាពមិនច្បាស់អំពីខ្លួនឯង ភាគច្រើនយើងតែងស្វែងរកចម្លើយពីខាងក្រៅ។ វិធីដែលងាយបំផុត គឺការមើលទៅលើអ្នកដទៃ យើងមើលទៅមិត្តភក្តិ បងប្អូន ឬមនុស្សជុំវិញខ្លួន ដែលហាក់ដូចជាកំពុងរស់នៅក្នុងជីវិតដែលមានទិសដៅច្បាស់លាស់។ អ្នកខ្លះមានការងារល្អ អ្នកខ្លះជោគជ័យ អ្នកខ្លះហាក់ដូចជាដឹងច្បាស់ថាខ្លួនចង់បានអ្វី។

សម័យនេះ យើងមិនមែនប្រៀបធៀបជាមួយមនុស្សត្រឹមតែ ១០ នាក់ជុំវិញខ្លួនយើងទេ។ យើងប្រៀបធៀបខ្លួនឯងជាមួយមនុស្សរាប់ពាន់នាក់នៅលើបណ្តាញសង្គមក្នុងមួយថ្ងៃ។ អ្វីដែលយើងឃើញ គឺជាពេលដែលពួកគេឡើងដល់កំពូលភ្នំ មិនមែនពេលដែលពួកគេកំពុងឡើងភ្នំនោះទេ។ យើងចាប់ផ្តើមសួរខ្លួនឯងថា “ហេតុអ្វីយើងមិនដូចគេ?” “ហេតុអ្វីបានជាយើងនៅត្រឹមបែបហ្នឹង?”


អ្វីដែលយើងមើលមិនឃើញ គឺមនុស្សម្នាក់ៗកំពុងដើរផ្លូវផ្សេងៗគ្នា។ មនុស្សខ្លះកំពុងដើរលើផ្លូវដែលច្បាស់រួចហើយ ខណៈមនុស្សខ្លះកំពុងសាងសង់ផ្លូវរបស់ខ្លួននៅពេលកំពុងដើរ។ យើងឃើញលទ្ធផលរបស់គេ ប៉ុន្តែមិនបានឃើញការតស៊ូ ភាពសង្ស័យ និងពេលវេលាដែលគេធ្លាប់មានអារម្មណ៍វង្វេងដូចយើងនោះទេ។


នៅទីនេះ មានទស្សនវិជ្ជាជប៉ុនមួយហៅថា Wabi-Sabi ដែលអាចជួយឱ្យយើងមើលទៅជីវិតក្នុងជ្រុងមួយផ្សេងទៀត។ Wabi-Sabi បង្រៀនថា ភាពមិនល្អឥតខ្ចោះ ភាពមិនច្បាស់លាស់ និងការផ្លាស់ប្ដូរជាប្រចាំ គឺជាផ្នែកធម្មជាតិនៃជីវិតក្នុងការធំធាត់។ មិនមែនគ្រប់យ៉ាងត្រូវតែច្បាស់លាស់ មិនមែនគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ ហើយមិនមែនគ្រប់គ្នាត្រូវតែដឹងច្បាស់ពីទិសដៅរបស់ខ្លួនតាំងពីដំបូងឡើយ។ ដូចជាស្លឹកឈើដែលមិនមានស្លឹកពីរណាដូចគ្នាទាំងស្រុង ឬ ដើមឈើដែលលូតលាស់មិនត្រង់ឥតខ្ចោះ ក៏នៅតែមានសម្រស់របស់វាផងដែរ ជីវិតមនុស្សគឺដូចគ្នា ភាពមិនល្អឥតខ្ចោះ មិនមែនជាកំហុសទេ ប៉ុន្តែជាផ្នែកមួយនៃការរស់នៅ។


ពេលខ្លះ អ្វីដែលយើងហៅថា “វង្វេងផ្លូវ” គ្រាន់តែជាដំណាក់កាលមួយនៃការស្វែងរកខ្លួនឯងប៉ុណ្ណោះ។ អ្វីដែលយើងហៅថា “កំហុស” ប្រហែលជាគ្រាន់តែជាមេរៀនមួយដែលកំពុងបង្រៀនយើងអំពីខ្លួនឯង។ អ្វីដែលយើងហៅថា “ភាពយឺតយ៉ាវ” ប្រហែលគ្រាន់តែជាល្បឿនធម្មជាតិរបស់ដំណើរជីវិតរបស់យើង។


យើងមិនត្រូវប្រៀបធៀប “ផ្លូវពេញលេញរបស់គេ” ជាមួយ “ផ្លូវកំពុងសាងសង់របស់យើង” ទេ។ កុំប្រៀបធៀបផ្លូវដែលអ្នកដទៃបានដើរមករាប់ឆ្នាំរួចហើយ ជាមួយផ្លូវដែលយើងទើបតែចាប់ផ្តើមសាងសង់ ព្រោះមនុស្សម្នាក់ៗមានល្បឿន និងពេលវេលាផ្សេងគ្នា។ ពេលយើងចាប់ផ្តើមយល់បែបនេះ យើងចាប់ផ្តើមឃើញថា អារម្មណ៍ដែលយើងកំពុងមាន មិនមែនជាសញ្ញាថាយើងខុសទេ ប៉ុន្តែវាជាសញ្ញាថាយើងកំពុងរៀនស្វែងយល់ពីខ្លួនឯង យើងក៏ចាប់ផ្តើមបន្ធូរបន្ថយការស្តីបន្ទោសខ្លួនឯង។


យើងឈប់វាស់តម្លៃខ្លួនឯងតាមរយៈជោគជ័យរបស់អ្នកដទៃ ហើយចាប់ផ្តើមស្ដាប់ដំណើររបស់ខ្លួនឯងកាន់តែច្រើន។ ជីវិតមិនមែនជាការប្រណាំងដើម្បីទៅដល់គោលដៅមុនគេទេ ប៉ុន្តែជាការរៀនដើរលើផ្លូវដែលមានន័យសម្រាប់ខ្លួនឯង។ ប្រហែលជាយើងមិនចាំបាច់រកចម្លើយទាំងអស់នៅថ្ងៃនេះទេ។ ប្រហែលជាអ្វីដែលយើងត្រូវការ គឺការអនុញ្ញាតឱ្យខ្លួនឯង ដើរទៅមុខបន្តិចម្ដងៗ ដោយមិនចាំបាច់ល្អឥតខ្ចោះ។


ខ្ញុំចង់ទុកសំណួរមួយសម្រាប់យើងធ្វើការឆ្លុះបញ្ចាំងខ្លួនឯង។ តើយើងកំពុងប្រៀបធៀបខ្លួនឯងជាមួយអ្នកណា? បើយើងឈប់មើលទៅអ្នកដទៃមួយភ្លែត តើយើងនឹងឃើញអ្វីនៅលើផ្លូវរបស់ខ្លួនឯង? តើកំហុសណាដែលយើងអាចមើលវាជាការរៀនសូត្រ មិនមែនជាការបរាជ័យ ប៉ុន្តែជាជំហានមួយនៃការក្លាយជាខ្លួនឯង? តើយើងអាចទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯងបានដែរឬទេ?

Leave a comment