ពេលដែលអារម្មណ៍គិតថាមានកំហុស និងការអនុវត្តការស្រឡាញ់ខ្លួនឯងដោយចិត្តមេត្តា 

ពេលខ្លះ ការឈឺចាប់មិនមែនមកពីអ្នកដទៃវិនិច្ឆ័យយើងទេ តែមកពីយើងវិនិច្ឆ័យខ្លួនឯង ក្នុងចំណោមអារម្មណ៍ទាំងអស់ មានអារម្មណ៍មួយដែលស្ងៀមស្ងាត់ ប៉ុន្តែក៏ធ្ងន់ជាងគេដែរនោះគឺជាអារម្មណ៍មួយគិតថាមានកំហុស។ មានរឿងមួយដែលខ្ញុំតែងតែសង្កេតឃើញញឹកញាប់ ទាំងនៅក្នុងបន្ទប់ពិគ្រោះផ្លូវចិត្ត និងនៅក្នុងជីវិតប្រចាំថ្ងៃ យុវជនជាច្រើនគឺមិនបានរស់នៅក្រោមការវិនិច្ឆ័យរបស់អ្នកដទៃតែមួយមុខទេ ប៉ុន្តែពួកគាត់ក៏កំពុងរស់នៅក្រោមការវិនិច្ឆ័យរបស់ខ្លួនឯងដែរ។ បន្ទាប់ពីការរំពឹងទុកពីគ្រួសារ និងការប្រៀបធៀបដំណើរជីវិតខ្លួនឯងជាមួយអ្នកដទៃ អ្វីដែលនៅសល់ក្នុងចិត្តជាញឹកញាប់ គឺជាអារម្មណ៍មួយដែលហាក់ដូចជាស្ងៀមស្ងាត់ ប៉ុន្តែមានទម្ងន់ធ្ងន់មួយ នោះគឺអារម្មណ៍គិតថាមានកំហុស ឬ ស្តីបន្ទោសខ្លួនឯង។ 

យើងអាចមានអារម្មណ៍គិតថាមានកំហុស ពេលជ្រើសរើសផ្លូវដើរមួយដែលខុសពីការរំពឹងទុករបស់គ្រួសារឪពុកម្តាយ ពេលយើងមិនទាន់ជោគជ័យដូចមិត្តភក្តិរបស់យើង ពេលយើងត្រូវការពេលសម្រាកខណៈដែលអ្នកដទៃកំពុងបន្តរត់ទៅមុខឥតឈប់ឈរ ពេលខ្លះ យើងក៏មានអារម្មណ៍គិតថាមានកំហុស ដោយគ្រាន់តែយើងចង់រស់នៅតាមរបៀបមួយដែលស្មោះត្រង់ជាមួយនឹងខ្លួនឯង។

ក្នុងនាមជាវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ខ្ញុំគិតថា យើងគួរបែងចែកអារម្មណ៍ថាមានកំហុសនេះជាពីរប្រភេទ។ ប្រភេទទីមួយ គឺអារម្មណ៍គិតថាមានកំហុសដែលកើតឡើង ពេលយើងធ្វើអ្វីមួយ ដែលផ្ទុយពីតម្លៃរបស់ខ្លួនឯង អារម្មណ៍បែបនេះអាចជួយឱ្យយើងរៀនសូត្រ និង កែប្រែផ្លាស់ប្តូរខ្លួនឯងបាន។  ប្រភេទទីពីរ គឺអារម្មណ៍គិតថាមានកំហុសដែលកើតឡើង ពេលយើងគ្រាន់តែមិនអាចបំពេញតាមការរំពឹងទុករបស់អ្នកដទៃគ្រួសារឪពុកម្តាយយើង កំហុសប្រភេទនេះ មិនជួយឱ្យយើងលូតលាស់ទេ។ វាគ្រាន់តែធ្វើឱ្យយើងចាប់ផ្តើមមានការសង្ស័យពីតម្លៃរបស់ខ្លួនឯងប៉ុណ្ណោះ

សំណួរសំខាន់មិនមែនថា “តើយើងមានអារម្មណ៍គិតថាមានកំហុសឬអត់?” ទេ។ សំណួរគឺ “តើអារម្មណ៍គិតថាមានកំហុសនេះ កំពុងប្រាប់យើងអំពីអ្វី?” តើវាកំពុងប្រាប់ថា យើងបានធ្វើអ្វីមួយដែលផ្ទុយពីគោលការណ៍របស់ខ្លួនឯង ឬ វាគ្រាន់តែប្រាប់ថា យើងកំពុងខ្លាចធ្វើឱ្យអ្នកដទៃគ្រួសារឪពុកម្តាយយើងខកចិត្ត ខកបំណង?

យើងចំណាយពេលយ៉ាងយូរក្នុងការអភ័យទោសឱ្យអ្នកដទៃ ប៉ុន្តែយើងមិនដែលអនុញ្ញាតឱ្យខ្លួនឯងធ្វើកំហុសឡើយ យើងនិយាយជាមួយមិត្តភក្តិយើងដោយភាពទន់ភ្លន់ ប៉ុន្តែពេលនិយាយជាមួយខ្លួនឯង ដោយពាក្យដែលយើងមិនធ្លាប់និយាយដាក់នរណាម្នាក់សោះឡើយ។ ប្រសិនបើមិត្តភក្តិល្អរបស់យើងធ្វើខុសរឿងអ្វីមួយ យើងប្រហែលជានឹងប្រាប់គាត់ថា “មិនអីទេ យើងអាចរៀនពីវាបាន។” ប៉ុន្តែពេលដែលវាកើតឡើងលើខ្លួនឯង យើងបែរជានិយាយថា “យើងមិនល្អគ្រប់គ្រាន់” ទៅវិញ។ ហេតុអ្វីបានជាយើងផ្តល់ចិត្តមេត្តាបែបហ្នឹងបានត្រឹមតែជាមួយអ្នកដទៃ ប៉ុន្តែមិនអាចផ្តល់វាដល់ខ្លួនឯងបាន? យើងជាញឹកញាប់ក្លាយជាមិត្តល្អសម្រាប់អ្នកដទៃ ប៉ុន្តែក្លាយជាអ្នករិះគន់ដ៏សាហាវបំផុតសម្រាប់ខ្លួនឯង។

ពេលយើងយល់ថាអារម្មណ៍គិតថាមានកំហុសហ្នឹង ជាអារម្មណ៍មួយ មិនមែនជាអត្តសញ្ញាណរបស់យើង យើងចាប់ផ្តើមមានគំលាតពីវា ហើយមើលវាដោយចិត្តមេត្តាវិញ។

ការស្រឡាញ់ខ្លួនឯងដោយចិត្តមេត្តា ឬ self compassion មិនមែនមានន័យថា យើងមិនទទួលស្គាល់កំហុសរបស់ខ្លួនឯង ឬ ឈប់អភិវឌ្ឍខ្លួនទេ ក៏មិនមែនមានន័យថា យើងអនុញ្ញាតឲ្យខ្លួនឯងធ្វើអ្វីក៏បាននោះដែរទេ។ វាមានន័យថា យើងអាចមើលមកខ្លួនឯងដោយភាពស្មោះត្រង់ជាងមុន ដោយមិនបន្ថែមការស្អប់ខ្លួនឯងពីលើកំហុសនោះទៀត ដោយមិនវិនិច្ឆ័យខ្លាំងពេក។ យើងអាចទទួលស្គាល់ថា “យើងធ្វើខុស” ដោយមិនសន្និដ្ឋានថា “យើងជាមនុស្សអាក្រក់”។ មានភាពខុសគ្នានេះធំណាស់រវាងការធ្វើខុស និងការគិតថាខ្លួនឯងគ្មានតម្លៃ។

ក្នុងការព្យាបាលផ្លូវចិត្ត យើងឃើញរឿងនេះជាញឹកញាប់ នៅពេលមនុស្សម្នាក់កំពុងផ្លាស់ប្តូរអត្តសញ្ញាណរបស់ខ្លួនឯង គាត់លែងជាមនុស្សដែលដូចពីមុនទៀតហើយ ប៉ុន្តែក៏មិនទាន់ដឹងច្បាស់ថានឹងក្លាយជាមនុស្សបែបណាបន្ទាប់ដែរ។ ដំណាក់កាលនេះហើយ ដែលអាចធ្វើឱ្យយើងមានអារម្មណ៍គិតថាមានកំហុស ស្តីបន្ទោសខ្លួនឯង សង្ស័យខ្លួនឯង ខ្លាចបាត់បង់ការទទួលស្គាល់ មានអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់ និង ខ្លាចធ្វើឱ្យអ្នកដទៃខកចិត្ត។

ខ្ញុំចង់ទុកសំណួរមួយចំនួនឱ្យយើងបានឆ្លុះបញ្ចាំងពីខ្លួនឯងខ្លះៗ តើអារម្មណ៍គិតថាមានកំហុសដែលយើងកំពុងជួបប្រទះ កំពុងការពារគោលការណ៍តម្លៃរបស់ខ្លួនយើង ឬ គ្រាន់តែការពារការរំពឹងទុករបស់អ្នកដទៃគ្រួសារឪពុកម្តាយយើង? តើសំឡេងដែលបន្ទោសយើងរាល់ថ្ងៃ ពិតជាសំឡេងរបស់យើងមែន ឬជាសំឡេងដែលយើងបានរៀនទទួលយកតាំងពីនៅតូចៗ? ហើយប្រសិនបើថ្ងៃនេះ យើងអាចផ្តល់ចិត្តមេត្តាដល់ខ្លួនឯងបន្តិច ដូចដែលយើងធ្លាប់ផ្តល់ឱ្យមនុស្សដែលយើងស្រឡាញ់ តើជីវិតរបស់យើងនឹងផ្លាស់ប្តូរដូចម្តេចវិញ? តើយើងអាចមើលមកខ្លួនឯង ដូចជាមនុស្សម្នាក់ដែលកំពុងធំឡើង មិនមែនមនុស្សដែលត្រូវតែល្អឥតខ្ចោះបានឬទេ? តើយើងអាចអនុញ្ញាតឱ្យខ្លួនឯងធ្វើកំហុស ដោយមិនបាត់បង់តម្លៃខ្លួនឯងបានឬទេ?

ប្រហែលជាការធំឡើង មិនមែនជាការរស់នៅដោយគ្មានកំហុសទេ ប៉ុន្តែជាការរៀនរស់នៅជាមួយកំហុស ដោយមិនឱ្យវាកំណត់ថាយើងជានរណាព្រោះអតីតកាលអាចបង្រៀនយើង ប៉ុន្តែវាមិនចាំបាច់កំណត់អត្តសញ្ញាណរបស់យើងជារៀងរហូតនោះទេ។ ការព្យាបាលមិនមែនជាការត្រឡប់ទៅកាន់អតីតកាលដោយគ្មានកំហុសទេ ប៉ុន្តែជាការរៀនរស់នៅជាមួយអតីតកាល ដោយមិនឲ្យវាកំណត់វាសនាអនាគតរបស់យើង។

យើងមិនត្រូវការភាពល្អឥតខ្ចោះ ដើម្បីមានតម្លៃឡើយ។ យើងគ្រាន់តែត្រូវស្មោះត្រង់ជាមួយខ្លួនឯងក្នុងដំណើរជីវិតយើង។

Leave a comment