ការស្វែងរកជីវិតដែលមានន័យ និងអត្តសញ្ញាណខ្លួនឯង

ថ្ងៃនេះ យើងនឹងនិយាយអំពីសំណួរដែលមនុស្សគ្រប់គ្នាតែងតែជួបនៅចំណុចមួយនៃជីវិត—យើងទាំងអស់គ្នាចាប់ផ្តើមសួរខ្លួនឯងថា “យើងកំពុងធ្វើអ្វីទាំងអស់នេះដើម្បីអ្វី?” “តើជីវិតខ្ញុំមានន័យអ្វីខ្លះ?”

វាមិនមែនជាសំណួរងាយនោះទេ សំណួរនេះមិនមែនជាសំណួរដែលត្រូវឆ្លើយភ្លាមៗទេ ហើយក៏មិនមែនជាសំណួរដែលមានចម្លើយតែមួយផងដែរ។ ពេលខ្លះវាកើតឡើងនៅពេលដែលយើងមានអ្វីៗគ្រប់យ៉ាងហើយ ប៉ុន្តែខាងក្នុងចិត្តយើងនៅតែមានអារម្មណ៍ថាទទេ ពេលខ្លះវាកើតឡើងនៅពេលយើងបាត់បង់របស់អ្វីមួយដែលធ្វើឲ្យយើងគិតថាជីវិតរបស់យើងមានន័យ។

ក្នុងអត្ថបទមុនៗ យើងបានធ្វើដំណើរជាមួយគ្នា។ យើងចាប់ផ្តើមនិយាយពី អារម្មណ៍ថាបាត់បង់ទិសដៅ សម្ពាធពីការរំពឹងទុករបស់គ្រួសារ ការប្រៀបធៀបដំណើរខ្លួនឯងជាមួយអ្នកដទៃ និងអារម្មណ៍គិតថាមានកំហុស។ អ្វីដែលទាំងអស់នោះមានរួមគ្នានូវសំណួរមួយនៅពីក្រោយថា៖ “តើយើងជានរណាពិតប្រាកដ?”

ព្រោះពេលយើងរស់នៅក្រោមការរំពឹងទុកពីអ្នកដទៃ ឬ ក្រោមការប្រៀបធៀបជានិច្ចបែបនោះ យើងអាចបាត់បង់សំឡេងខ្លួនឯងដោយស្ងាត់ស្ងៀម ការស្វែងរកជីវិតដែលមានអត្ថន័យ គឺជាដំណើរការនៃការត្រឡប់ទៅស្តាប់សំឡេងរបស់ខ្លួនឯងនោះឡើងវិញ។

មានគំនិតមួយពីប្រទេសជប៉ុនដែលហៅថា Ikigai។ មនុស្សជាច្រើនគិតថា វាជារឿងធំៗ ដូចជា “ការស្វែងរកការងារល្អៗ” ឬ “ភាពជោគជ័យ” ប៉ុន្តែគិតឱ្យជ្រៅជាងនោះទៀត Ikigai មិនមែនជាចំណុចមួយដែលយើងទៅដល់ហើយបញ្ចប់ទេ។ វាជាដំណើរមួយដែលយើងព្យាយាមយល់ថា អ្វីដែលយើងស្រឡាញ់ អ្វីដែលយើងអាចធ្វើបាន អ្វីដែលសង្គមត្រូវការ និង អ្វីដែលអាចធ្វើឲ្យយើងរស់បាន អាចជួបគ្នាបាននៅទីណាមួយ។

ប៉ុន្តែសម្រាប់យុវជនភាគច្រើន មានកំហុសឆ្គងមួយគឺ យើងមិនបានចាប់ផ្តើមស្វែងយល់ពីខ្លួនឯងទេ យើងចាប់ផ្តើមពីការរំពឹងទុកនៃគ្រួសារ ឬ អ្នកដទៃ យើងចាប់ផ្តើមពីអ្វីដែលគេនិយាយថា “គួរតែជោគជ័យបែបនេះ ឬ ក៏បែបនោះ” មុនពេលយើងសួរថា “យើងមានអារម្មណ៍ថា អ្វីទៅដែលសមនឹងខ្លួនឯង?”

ក្នុងការព្យាបាលផ្លូវចិត្ត ខ្ញុំជឿថាមនុស្សយើងមិនត្រូវបានកំណត់ដោយកំហុស ឬ អតីតកាលរបស់ពួកគេទេ ប៉ុន្តែដោយសមត្ថភាពក្នុងការយល់ និងបង្កើតអត្ថន័យថ្មី។ ជីវិតដែលមានអត្ថន័យ មិនមែនជាជីវិតដែលគ្មានបញ្ហាទេ ប៉ុន្តែជាជីវិតដែលយើងអាចនិយាយបានថា “យើងយល់ពីអ្វីដែលយើងកំពុងរស់នៅ” ទោះបីវាមិនទាន់ច្បាស់លាស់ទាំងអស់ក៏ដោយ។

ពេលខ្លះ ការព្យាយាមរកចម្លើយលឿនពេក អាចធ្វើឲ្យយើងបាត់បង់ដំណើរនៃការស្វែងយល់ពីខ្លួនឯង ព្រោះអត្ថន័យមិនមែនជាអ្វីដែលយើងរកឃើញភ្លាមៗទេ ប៉ុន្តែជាអ្វីដែលយើងបង្កើតឡើងតាមពេលវេលា។

សាកល្បងមើលជីវិតរបស់យើងដូចជាដំណើរមួយ មិនមែនជាការប្រឡងមួយ។ ក្នុងដំណើរនេះ យើងអាចផ្លាស់ប្ដូរផ្លូវ អាចចាប់ផ្តើមឡើងវិញ អាចដើរយឺត ឬ ឈប់សម្រាកបាន គ្មាននរណាម្នាក់មានផែនទីពេញលេញសម្រាប់ជីវិតទេ ហើយវាមិនមែនជាកំហុសទេដែលយើងមិនទាន់ដឹងចម្លើយទាំងអស់នោះ។

សួរខ្លួនឯងវិញថា តើអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ថាជាខ្លួនឯងពិតប្រាកដ? តើពេលណាដែលយើងមានអារម្មណ៍ថាជីវិតមានអត្ថន័យ ទោះបីជារឿងតូចៗក៏ដោយ? តើយើងអាចរស់នៅដោយស្មោះត្រង់ជាមួយខ្លួនឯងបានទេ ជំនួសឱ្យការរស់នៅដើម្បីបំពេញទៅតាមការរំពឹងទុករបស់អ្នកដទៃ?

ចុងក្រោយ អ្វីដែលសំខាន់បំផុតមិនមែនជាការដឹងចម្លើយទាំងអស់ទេ ប៉ុន្តែជាការបន្តដំណើរនៃការស្វែងយល់ពីខ្លួនឯង។ ជីវិតដែលមានអត្ថន័យមួយ មិនមែនជាជីវិតដែលល្អឥតខ្ចោះទេ ប៉ុន្តែជាជីវិតដែលយើងអាចមានវត្តមាននៅក្នុងវាដោយស្មោះត្រង់ និង មានអារម្មណ៍ថា “នេះគឺយើង” ទោះបីមិនទាន់ច្បាស់ទាំងអស់ក៏ដោយ។

Leave a comment