ហេតុអ្វីយើងពិបាកក្នុងការសម្រេចចិត្តជាងមុន? ពេលជម្រើសកាន់តែច្រើន ចិត្តកាន់តែច្របូកច្របល់

មានពេលខ្លះ ខ្ញុំគិតថា ជីវិតសម័យនេះហាក់ដូចជាប្លែក យើងមានសេរីភាពពេញទី មានឱកាស និង មានជម្រើសច្រើនជាងមនុស្សជំនាន់មុន។ ដំបូងខ្ញុំធ្លាប់គិតថា ការមានជម្រើសច្រើនគួរតែធ្វើឱ្យយើងមានសេរីភាពជាងមុនក្នុងការសម្រេចចិត្ត ប៉ុន្តែពេលសង្កេតមើលមនុស្សជុំវិញខ្លួន និង អ្នកជំងឺជាច្រើនដែលខ្ញុំបានជួប ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ប្រហែលជាវាមិនសាមញ្ញដូច្នោះទេ។

ខ្ញុំចាំបានថា មានយុវជនម្នាក់មកជួបខ្ញុំ គាត់គ្រាន់តែនិយាយថា «លោកគ្រូ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតទេ»។ គាត់មានឱកាសជាច្រើន អាចបន្តការសិក្សា អាចប្តូរការងារ អាចទៅធ្វើការនៅបរទេស ឬ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនឯង។ ពេលស្តាប់ដំបូង ខ្ញុំគិតថា នេះជារឿងល្អសែនល្អ ព្រោះមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចមានជម្រើសច្រើនបែបនេះទេ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញ គឺជាការថប់បារម្ភ ភាពស្ទាក់ស្ទើរ រារែក និង ការភ័យខ្លាចក្នុងការសម្រេចចិត្ត។

ពេលខ្លះ បញ្ហារបស់យើងមិនមែនមកពីគ្មានផ្លូវដើរទេ ប៉ុន្តែមកពីផ្លូវនៅពីមុខមានច្រើនពេក រហូតយើងមិនដឹងថាគួរចាប់ផ្តើមពីណាទៅណា។

គ្រាន់តែបើកទូរស័ព្ទមួយភ្លែត យើងអាចមើលឃើញជីវិតរាប់រយរាប់ពាន់បែប មានអ្នកកំពុងចាប់ផ្តើមអាជីវកម្ម អ្នកកំពុងធ្វើ Content Creator អ្នកកំពុងធ្វើការនៅបរទេស ឬ អ្នកដែលកំពុងធ្វើដំណើរជុំវិញពិភពលោក ផ្លូវនីមួយៗមើលទៅសុទ្ធតែល្អគួរឲ្យចាប់អារម្មណ៍ ហើយសុទ្ធតែធ្វើឱ្យយើងគិតថា ប្រហែលជាជីវិតរបស់អ្នកដទៃ កំពុងដើរលើផ្លូវដែលត្រឹមត្រូវជាងយើង។

បន្ទាប់មកសំណួរមួយក៏កើតឡើងក្នុងចិត្តថា «តើផ្លូវមួយណាទើបសាកសមនឹងយើង?»។

មនុស្សជាច្រើនមិនមែនកំពុងស្វែងរកការសម្រេចចិត្តមួយទេ ពួកយើងកំពុងស្វែងរកការធានាអះអាងថា ការសម្រេចចិត្តរបស់យើង នឹងមិនខុស ប៉ុន្តែជីវិតមិនដែលផ្តល់ការធានាបែបនោះទេ គ្មាននរណាម្នាក់អាចដឹងថា ផ្លូវមួយណាល្អបំផុត មុនពេលបានដើរលើវាពិតប្រាកដឡើយ។ អត្ថន័យនៃផ្លូវនីមួយៗ មិនមែនកើតឡើងនៅពេលយើងជ្រើសវាទេ ប៉ុន្តែកើតឡើងនៅពេលយើងបន្តរស់នៅលើផ្លូវនោះ រៀនសូត្រ និង រីកចម្រើនលើផ្លូវមួយនោះ។

ប្រហែលជាបញ្ហាមិនមែនថាយើងមិនចេះធ្វើការសម្រេចចិត្តទេ យើងគ្រាន់តែចង់ដឹងលទ្ធផលអនាគតទុកមុន មុនពេលហ៊ានបោះជំហានដំបូង។ ជីវិតមិនបានធ្វើការសន្យាថា នឹងបង្ហាញផ្លូវទាំងមូលឱ្យយើងឃើញទេ ពេលខ្លះវាគ្រាន់តែបង្ហាញជំហានបន្ទាប់ ហើយអនុញ្ញាតឱ្យយើងបន្តដើរ។

ខ្ញុំចង់ទុកសំណួរមួយចំនួនឱ្យអ្នកសាកសួរខ្លួនឯង តើអ្វីដែលធ្វើឱ្យយើងពិបាកក្នុងការសម្រេចចិត្ត? តើវាមកពីយើងមិនដឹងថាចង់បានអ្វី ឬ មកពីយើងខ្លាចជ្រើសរើសខុស? តើយើងកំពុងជ្រើសរើសជីវិតរបស់ខ្លួនឯង ឬ កំពុងព្យាយាមរស់ឱ្យដូចជីវិតដែលយើងមើលឃើញលើបណ្តាញសង្គម? បើគ្មាននរណាម្នាក់វិនិច្ឆ័យយើងបែបនេះបែបនោះ តើថ្ងៃនេះយើងនឹងជ្រើសរើសផ្លូវដដែលនេះទេ? តើយើងកំពុងរង់ចាំភាពប្រាកដប្រជា មុននឹងចាប់ផ្តើមមែនឬមិនមែន?

ប្រហែលជាសំណួរដែលសំខាន់មិនមែនថា «តើផ្លូវមួយណាល្អបំផុតសម្រាប់យើង?» ទេ ប៉ុន្តែអាចជាសំណួរថា «តើមានផ្លូវមួយណា ដែលខ្ញុំសុខចិត្តដើរ រៀនសូត្រពីវា និង ទទួលយកលទ្ធផលរបស់វា ទោះបីវាមិនទាន់ល្អឥតខ្ចោះក៏ដោយ?»

“តើយើងហ៊ានចាប់ផ្តើមដើរលើផ្លូវមួយហ្នឹង ហើយរៀនពីវាដែរទេ?”

Leave a comment